-
ពេលចេញដំណើរ
បញ្ជរចុះឈ្មោះអ្នកដំណើរបើកធ្វើការ២ម៉ោងមុនការហោះហើរ។ ក្រុមហ៊ុនអាកាសចរណ៍ខ្លះអាចឱ្យអ្នកចុះឈ្មោះមុនបាន។
អ្នកដំណើរត្រូវវេចខ្ចប់អីវ៉ាន់របស់ខ្លួនដោយខ្លួនឯង ហើយឱ្យសមស្របទៅតាមបញ្ញត្តិសន្តិសុខ និងមិនត្រូវទុកវាចោលមុនដល់ម៉ោងចុះឈ្មោះទេ។
ដោយសារសន្តិសុខជាអាទិភាពចម្បង អ្នកដំណើរនិងបុគ្គលិកជើងហោះហើរទាំងអស់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខ។
ដើម្បីពន្លឿនការត្រួតពិនិត្យនេះ អ្នកដំណើរត្រូវ៖
- ត្រៀមប័ណ្ណឡើងយន្តហោះឱ្យហើយជាស្រេចសម្រាប់ការត្រួតពិនិត្យ
- យកចេញវត្ថុសារធាតុរាវ គ្រឿងសម្អាង ស្ព្រេ គ្រឿងអេឡិចត្រូនិច និងជាតិលោហៈទាំងអស់ទៅដាក់ក្នុងកញ្ច្រែងដោយឡែក
- ដោះអាវធំ អាវរងា ស្បែកជើងចេញ ហើយដាក់ទៅក្នុងកញ្ច្រែងមួយផ្សេង
ការយល់ដឹងអំពីសន្តិសុខ
ប្រសិនបើលោកអ្នកឃើញកញ្ចប់អីវ៉ាន់ ឬវត្ថុអ្វីមួយត្រូវបានទុកចោលគ្មានមនុស្សមើល សូមរាយការណ៍ជាបន្ទាន់ទៅកាន់
លេខទូរស័ព្ទ៖ : +855 (0)61 644 041 -
កិច្ចសហការគ្នាជាវិធីលឿនបំផុតសម្រាប់ការឡើងលើយន្តហោះ
លោកអ្នកអាចធ្វើឱ្យការត្រួតពិនិត្យសន្តិសុខរបស់លោកអ្នកប្រព្រឹត្តទៅបានលឿនដោយត្រៀមលក្ខណៈជាមុនឱ្យហើយស្រេច។ កាន់ឯកសារធ្វើដំណើរនិងប័ណ្ណឡើងយន្តហោះនៅក្នុងដៃ ហើយដោះវត្ថុផ្ទាល់ខ្លួនដាក់ទៅក្នុងកញ្ច្រែងជ័រ។
- យកកុំព្យូទ័រ និង/ឬឧបករណ៍អេឡិចត្រូនិចផ្សេងទៀតចេញពីកាបូបស្ពាយ
- យកលុយកាក់ សោរ ទូរស័ព្ទដៃ និងវត្ថុផ្ទាល់ខ្លួនផ្សេងទៀត ចេញពីហោប៉ៅខោ ហើយដាក់ទៅក្នុងហោប៉ៅអាវធំ ឬអាវរងា បើមិនអនុញ្ញាតឱ្យធ្វើបែបនេះទេ ត្រូវដាក់ទៅក្នុងកញ្ច្រែងក៏បាន
- ដោះអាវធំ/អាវរងា ហើយដាក់វាទៅក្នុងកញ្ច្រែងជ័រ
- បើមានវត្ថុរាវ សូមប្រាប់ ហើយដាក់វាដោយឡែក៖ បើយកវត្ថុរាវតាមខ្លួន សូមដាក់ក្នុងថង់ថ្លា ក្នុងកាបូបយួរដៃរបស់លោកអ្នក។ (សូមមើលបន្ថែមក្នុងផ្នែកវត្ថុជាប់បម្រាម)។
- ដោះខ្សែក្រវាត់ ឬស្បែកជើងចេញតាមការបញ្ជារបស់បុគ្គលិកសន្តិសុខ។
ក្នុងករណីខ្លះ លោកអ្នកអាចត្រូវបានគេតម្រូវឱ្យបុគ្គលិកសន្តិសុខស្ទាបដងខ្លួន ដោយប្រើឧបករណ៍សន្តិសុខ ឬមួយក៏តម្រូវឱ្យដោះសំលៀកបំពាក់ខ្លះចេញទៀតផង។ បើលោកអ្នកជំទាស់ លោកអ្នកនឹងមិនត្រូវបានគេអនុញ្ញាតឱ្យឡើងជិះយន្តហោះទេ។
-
វត្ថុជាប់បម្រាម
ត្រូវបានហាមឃាត់ដាក់តាមកញ្ចប់វ៉ាលីសធំនូវវត្ថុដូចខាងក្រោមនេះ៖
- គ្រឿងផ្ទុះ គ្រាប់រំសេវ កាំជ្រួច បារីអេឡិចត្រូនិច
- គ្រឿងសម្ភារមានជាតិវិទ្យុសកម្ម
- ផលិតផលមានចំហេះ ឆ្នាំលាប
- សារធាតុស៊ីរេចរិល អុកស៊ីដករ សារធាតុធ្វើឱ្យក្រហាយ/រលាក
- ផលិតផលមានជាតិពុល ថ្នាំពុល
- សម្ភារមានដែនម៉ាញ៉េទិច
- ឧស្ម័ន
វត្ថុដែលមិនត្រូវបានអនុញ្ញាតឱ្យយកតាមអីវ៉ាន់យួរដៃ
- ដូចគ្នានឹងវត្ថុជាប់បម្រាមទាំងអស់សម្រាប់អីវ៉ាន់ថ្លឹងផ្ញើតាមយន្តហោះ
- សារធាតុរាវ គ្រឿងសម្អាង ស្ព្រេ (ដែលមានចំណុះលើសពី ១០០មីល្លីលីត្រ)
- វត្ថុអាចធ្វើឱ្យរបួស
- កាំបិត/កន្ត្រៃ
- អាវុធ ឬវត្ថុមានរាងអាវុធ
វត្ថុទាំងនេះអាចត្រូវបានអនុញ្ញាតឱ្យដាក់តាមកញ្ចប់អីវ៉ាន់ថ្លឹងផ្ញើតាមយន្តហោះ ប៉ុន្តែត្រូវមានការវេចខ្ចប់ឱ្យបានត្រឹមត្រូវដើម្បីកុំឱ្យវាបង្ករបួសដល់មន្ត្រីសន្តិសុខ និងបុគ្គលិកលើកដាក់អីវ៉ាន់។
ចំណាំ៖ សារធាតុរាវត្រូវដាក់ក្នុងដបមានចំណុះត្រឹម១០០មីល្លីលីត្រ ហើយខ្ចប់ថង់ផ្លាស្ទិកថ្លាទំហំ ២០x២០សង់ទីម៉ែត្រ ដែលអាចបិទបើកបាន។ អ្នកដំណើរម្នាក់អាចត្រូវបានអនុញ្ញាតឱ្យយួរថង់ផ្លាស្ទិកបិទបើកបានបែបនេះតែមួយទេ។
ករណីលើកលែង៖ លោកអ្នកត្រូវបានអនុញ្ញាតឱ្យយកតាមអីវ៉ាន់យួរដៃនូវវត្ថុខ្លះក្នុងបរិមាណសមល្មមនឹងរយៈពេលហោះហើរ ដូចមានរាយនាមខាងក្រោម៖
- អាហារសម្រាប់ទារក ឬកូនក្មេង
- ថ្នាំពេទ្យជាអង្គធាតុរាវដែលចាំបាច់សម្រាប់រយៈពេលហោះហើរ ប៉ុន្តែដាច់ខាតត្រូវមានអមដោយវេជ្ជបញ្ជាផង
- ទំនិញមានសារធាតុរាវដែលទិញក្រោយឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខហើយ នៅតាមហាងក្នុងសាលរង់ចាំឡើងយន្តហោះ។ វត្ថុទិញនៅទីនេះត្រូវបានអនុញ្ញាតឱ្យយួរតាមខ្លួនឡើងយន្តហោះបាន ក្នុងបរិមាណដែលផ្នែកគយបានកំណត់រួចជាស្រេចហើយ។ ជាទូទៅ ផលិតផលទាំងនេះបានឆ្លងកាត់ការត្រួតពិនិត្យរួចហើយមុននឹងត្រូវបានយកទៅដាក់លក់។
- ថ្នាំអាំងសូលីនសម្រាប់អ្នកដំណើរមានជំងឺទឹកនោមផ្អែម ប៉ុន្តែដាច់ខាតត្រូវមានវេជ្ជបញ្ជាអមជាមួយផង។
- បារីអេឡិចត្រូនិច (ចំណាំ៖ អាចយកតាមខ្លួនបានមែន ប៉ុន្តែហាមជក់នៅក្នុងយន្តហោះដាច់ខាត)។