-
ពេលលោកអ្នកចេញចូលប្រទេសមួយដោយមានរបស់តាមខ្លួនដូចជា រូបិយវត្ថុ ទំនិញ គ្រឿងអេឡិចត្រូនិច។ល។ លោកអ្នកត្រូវគិតផងដែរថាតើលោកអ្នកត្រូវប្រកាសរបស់ទាំងនោះឱ្យគយបានដឹងដែរឬទេ។ អ្នកដំណើរគ្រប់រូបត្រូវតែបំពេញបែបបទប្រតិវេទន៍គយ ហើយប្រគល់ឱ្យមន្ត្រីគយមុននឹងចេញផុតពីស្ថានីយអ្នកដំណើរមកដល់។ សម្រាប់ព័ត៌មានបន្ថែម សូមមើលវេបសាយផ្លូវការ៖ : http://www.customs.gov.kh/km
«គ្មានអ្វីត្រូវប្រកាស» ឬ «ទំនិញត្រូវប្រកាស»
ពេលដើរទៅរកច្រកចេញពីអាកាសយានដ្ឋាន សូមដើរតម្រង់ទៅរកច្រកទ្វារត្រូវតាមករណីរបស់លោកអ្នករៀងៗខ្លួន។
- ច្រកពណ៌បៃតងគឺសម្រាប់អ្នកដំណើរដែលគ្មានរបស់ប្រកាស ឬមានតែរបស់ដែលត្រូវបានអនុញ្ញាតឱ្យយកចូលដោយមិនជាប់ការត្រួតពិនិត្យគយ មិនជាប់ពន្ធ និងអាករ ដោយគ្រាន់តែសរសេរថា «គ្មានអ្វីត្រូវប្រកាស»។
- ច្រកពណ៌ក្រហមគឺសម្រាប់អ្នកធ្វើដំណើរដែលយកតាមខ្លួននូវរបស់ដែលអាចជាប់កាតព្វកិច្ចពន្ធ របស់ហាមឃាត់ ឬរបស់ស្ថិតក្រោមការរឹតត្បិតផ្សេងទៀត ដោយអ្នកដំណើរត្រូវសរសេរថា «មានទំនិញត្រូវប្រកាស»។
សម្គាល់៖ មន្ត្រីគយអាចធ្វើការឆែកឆេរបែបចុចយកដោយចៃដន្យ លើអ្នកដំណើរដែលចេញពីអាកាសយានដ្ឋានតាមច្រកពណ៌ទាំងពីរនេះ។
ការពិន័យ និង/ឬ ការផាកនឹងត្រូវបានអនុវត្តទៅលើអ្នកដំណើរទាំងឡាយណាដែលប្រើប្រាស់ច្រកពណ៌បៃតងដោយចេតនាហើយមិនប្រកាសអំពីទំនិញយកតាមខ្លួនដែលជាប់កាតព្វកិច្ចពន្ធ ដែលត្រូវបានរឹតត្បិត ឬដែលជាប់បម្រាម។ផលិតផលដែលអាចយកចូលប្រទេសកម្ពុជាបាន
អ្នកដំណើរម្នាក់ចូលប្រទេសកម្ពុជាមានសិទ្ធិយកតាមខ្លួននូវផលិតផលដូចខាងក្រោម៖
- ស្រាក្រហម/ស ២លីត្រ***
- បារី ៤០០ដើម, ស៊ីហ្ការ ១០០ដើម ឬថ្នាំជក់ ៤០០ក្រាម***
- ទឹកអប់ និងទឹកក្រអូប ៣៥០មីល្លីលីត្រ
- ថ្នាំពេទ្យសម្រាប់ការព្យាបាលផ្ទាល់ខ្លួន
- សម្ភារ និងឧបករណ៍ផ្សេងទៀតក្នុងបរិមាណមានកម្រិតសមល្មមចាំបាច់សម្រាប់រយៈពេលធ្វើដំណើរ ហើយមិនស្ថិតក្នុងចំណាត់ថ្នាក់ទំនិញជាប់បម្រាម
***អ្នកដំណើរអាយុក្រោម១៨ឆ្នាំមិនត្រូវបានអនុញ្ញាតឱ្យយករបស់ទាំងនេះតាមខ្លួនទេ។
បែបបទគយពេលមកដល់
- ទំនិញដែលមានតម្លៃសមមូលទៅនឹង ឬច្រើនជាង ១០០ដុល្លារអាមេរិក ត្រូវជាប់កាតព្វកិច្ចពន្ធគយ និងអាករ។
- ប្រសិនបើតម្លៃគយលើទំនិញមានលើសពី៣០០ដុល្លារអាមេរិក ទំនិញទាំងនោះត្រូវតែប្រកាសក្នុងបែបបទប្រតិវេទន៍គយ។
- ប្រសិនបើវាមានតម្លៃតិចជាង ៣០០ដុល្លារអាមេរិក ទំនិញទាំងនោះត្រូវប្រកាសក្នុងបែបបទមិនមែនពាណិជ្ជកម្មនៃប្រតិវេទន៍គយ។
- អីវ៉ាន់ដែលត្រូវនាំចូលបណ្តោះអាសន្នត្រូមានការអនុញ្ញាតជាមុនសិនពីសំណាក់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មុននឹងធ្វើការនាំចូល។
- ការយករូបិយវត្ថុបរទេសចូលប្រទេសកម្ពុជាគ្មានការកំណត់ទេ ប៉ុន្តែអ្នកដំណើរត្រូវបំពេញប្រកាសគយប្រសិនបើចំនួនរូបិយវត្ថុមានលើស ១០០០០ដុល្លារអាមេរិក (មួយម៉ឺនដុល្លារអាមេរិក) ឬរូបិយវត្ថុបរទេសដែលមានតម្លៃស្មើនេះ។
- ការនាំចូលទំនិញជាប់បម្រាមត្រូវមានអមជាមួយដោយអាជ្ញាប័ណ្ណមានសុពលភាពដែលចេញដោយអាជ្ញាធរពាក់ព័ន្ធ និងលិខិតអនុញ្ញាតនាំចូលដែលចេញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ពេលនាំចូល អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងយុទ្ធោបករណ៍ផ្សេងទៀតដែលមានការហាមឃាត់តឹងរ៉ឹង ត្រូវមានអមដោយអាជ្ញាប័ណ្ណមានសុពលភាពដែលចេញដោយក្រសួងការពារជាតិ និងលិខិតអនុញ្ញាតនាំចូលដែលចេញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
បែបបទគយពេលចេញដំណើរ
- អ្នកដំណើរចាកចេញពីប្រទេសកម្ពុជាត្រូវបំពេញបែបបទប្រកាសរបស់អ្នកដំណើរ បើសិនជាមានយកតាមខ្លួននូវវត្ថុដូចខាងក្រោម អមដោយឯកសារច្បាប់ដើមជាមួយផង។ អ្នកដំណើរត្រូវដាក់បែបបទនេះជូនការិយាល័យគយនៅត្រង់ច្រកចេញ។
- រូបិយវត្ថុបរទេសលើសពី ១០០០០ដុល្លារអាមេរិក (មួយម៉ឺនដុល្លារអាមេរិក)ត្រូវមានលិខិតអនុញ្ញាតពីធនាគារជាតិកម្ពុជា និងលិខិតអនុម័តយល់ព្រមពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ បើសិនជាអ្នកដំណើរមិនបានប្រកាសអំពីការនាំចូលរូបិយវត្ថុនេះ នៅពេលចូលក្នុងប្រទេសកម្ពុជា។
ការនាំចូលអីវ៉ាន់បណ្តោះអាសន្នណាមួយ ត្រូមានការអនុម័តយល់ព្រមពីសំណាក់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាមុនសិន។ - ការនាំចូលអីវ៉ាន់បណ្តោះអាសន្នណាមួយ ត្រូមានការអនុម័តយល់ព្រមពីសំណាក់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាមុនសិន។
- ការនាំចូលទំនិញជាប់បម្រាមនិងស្ថិតក្រាមការរិតត្បឹតត្រូវមានអមជាមួយដោយអាជ្ញាប័ណ្ណមានសុពលភាពដែលចេញដោយអាជ្ញាធរពាក់ព័ន្ធ និងលិខិតអនុញ្ញាតនាំចូលដែលចេញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅមុនការនាំចេញ។
- ការនាំចេញណាមួយនូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងយុទ្ធោបករណ៍ផ្សេងទៀតដែលមានការហាមឃាត់តឹងរ៉ឹង ត្រូវមានអមដោយអាជ្ញាប័ណ្ណមានសុពលភាពដែលចេញដោយក្រសួងការពារជាតិ និងលិខិតអនុញ្ញាតនាំចូលដែលចេញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
- វត្ថុសិល្បៈ រូបបដិមា វត្ថុបុរាណ និងវត្ថុមានវ័យចំណាស់ផ្សេងទៀត ត្រូវមានលិខិតអនុញ្ញាតដែលចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលិខិតអនុញ្ញាតឱ្យនាំចេញ ដែលចេញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅមុនការនាំចេញ។
- ពេលនាំចេញរុក្ខជាតិ និងសត្វរស់ ចាំបាច់ត្រូវមានភ្ជាប់ជាមួយនូវលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណដែលចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមុនពេលនាំចេញ។
នីតិវិធីបញ្ចេញអីវ៉ាន់នាំចូលនៅស្ថានីយកាហ្គោ
អ្នកដំណើរណាដែលប្រាថ្នានាំចូលទំនិញ ត្រូវបំពេញបែបបទប្រតិវេទន៍គយ ហើយដាក់បែបបទនោះជូនការិយាល័យគយ ដោយមានអមជាមួយនូវឯកសារច្បាប់ដើម និង/ឬ ច្បាប់ចម្លងមានការបញ្ជាក់ត្រឹមត្រូវពីក្រុមហ៊ុន ចំនួនបីច្បាប់។ ឯកសារទាំងនោះរួមមាន៖
- វិក្កយបត្រ
- បញ្ជីកញ្ចប់ទំនិញ
- វិក្កយបត្រក្រុមហ៊ុនអាកាសចរណ៍
- លិខិតអនុញ្ញាតគយ (បើចាំបាច់)
- និងឯកសារពាក់ព័ន្ធផ្សេងទៀត (បើចាំបាច់)។
ការនាំចូលទំនិញដោយអង្គភាព/ឬបុគ្គលដែលគ្មានការចុះបញ្ជី VAT TIN ក្នុងគោលបំណងពាណិជ្ជកម្ម ត្រូវមានអមដោយលិខិតអនុញ្ញាតដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករចេញឱ្យ មុនពេលនាំចូល។ អីវ៉ាន់ដែលស្ថិតក្នុងចំណាត់ថ្នាក់ថាជាការនាំចូលបណ្តោះអាសន្ន វត្ថុផ្ទាល់ខ្លួន និងអីវ៉ាន់ដែលកាតព្វកិច្ចពន្ធគយនិងរដ្ឋាករ ជាបន្ទុករបស់រដ្ឋាភិបាល ត្រូវមានលិខិតអនុញ្ញាតមានសុពលភាព ដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករចេញឱ្យ មុនពេលនាំចូល។
សេចក្តីជូនដំណឹង:
អ្នកដំណើរត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ផ្លូវតុលាការ ទទួលការផាកពិន័យ និង/ឬ ទណ្ឌកម្ម ក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើត្រូវបានគេរកឃើញថា មានពិរុទ្ធក្នុងការប្រកាសក្លែងបន្លំ និងបំពានលើបញ្ញត្តិដែលបានចែងនៅក្នុងសេចក្តីប្រកាសនេះ។
ព្រមាន:
ការរត់ពន្ធគ្រឿងញៀនគ្រប់ប្រភេទជាអំពើខុសច្បាប់ ហើយត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។ អ្នកដំណើរណាដែលត្រូវបានរកឃើញថាមានពិរុទ្ធអាចជាប់ពន្ធនាគារមួយជីវិតអនុលោមតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។