ពេលមកដល់
បន្ទាប់ពីឆ្លងផុតការត្រួតពិនិត្យអន្តោប្រវេសន៍ លោកអ្នកនឹងទៅដល់សាលទទួលអីវ៉ាន់។ សូមរកមើលលើក្តារខៀនអេឡិចត្រូនិកនូវលេខក្រវាត់បញ្ជូនអីវ៉ាន់ដែលត្រូវគ្នានឹងលេខជើងហោះហើររបស់លោកអ្នក។ ក្នុងករណីបាត់ឬខូចខាតអីវ៉ាន់ សូមទាក់ទងផ្នែកសេវាបាត់និងរកឃើញអីវ៉ាន់ នៅក្នុងសាលទទួលអីវ៉ាន់។
ពេលចេញដំណើរ
ទំហំកញ្ចប់អីវ៉ាន់
នយោបាយកញ្ចប់អីវ៉ាន់ មិនថាចំពោះអីវ៉ាន់ដាក់ចូលឃ្លុបយន្តហោះ ឬអីវ៉ាន់យួរតាមខ្លួនទេ មានភាពខុសគ្នាពីក្រុមហ៊ុនអាកាសចរណ៍មួយទៅក្រុមអាកាសចរណ៍មួយទៀត។ ទំហំ (ទទឹង បណ្តោយ និងកំពស់) អតិបរមារបស់វាត្រូវប៉ុនគ្នានឹងទំហំថតដាក់អីវ៉ាន់នៅខាងលើកៅអីក្នុងយន្តហោះ។
យើងខ្ញុំសូមជូនយោបល់ថា មុននឹងរៀបអីវ៉ាន់ចូលក្នុងវ៉ាលីរបស់លោកអ្នក សូមពិនិត្យមើលនិងគោរពឱ្យត្រូវតាមទម្ងន់និងទំហំដែលក្រុមហ៊ុនអាកាសចរណ៍របស់លោកអ្នកអនុញ្ញាត និងផ្ទៀងផ្ទាត់ជាមួយលក្ខខណ្ឌហាមឃាត់ផ្នែកសុវត្ថិភាពផង។ បើមិនដូច្នោះទេ លោកអ្នកនឹងត្រូវគេតម្រូវឱ្យបង់ប្រាក់បន្ថែមនៅអាកាសយានដ្ឋាន ប្រសិនបើវ៉ាលីរបស់លោកអ្នកធំហួសមាឌ ឬមានទម្ងន់លើសពីអ្វីដែលបានអនុញ្ញាត ឬអាជ្ញាធរនឹងរឹបអូសយកវត្ថុណាដែលត្រូវបានហាមឃាត់។ ខាងក្រោមនេះ ជាវិធានទូទៅខ្លះៗពាក់ព័ន្ធនឹងបញ្ញត្តិស្តីពីកញ្ចប់អីវ៉ាន់។
កញ្ចប់អីវ៉ាន់យួរដៃ (ដាក់ក្នុងថតខាងលើកៅអី)
ទំហំដែលអនុញ្ញាតបាន៖ ៥៥x៣៥x២០ សង់ទីម៉ែត្រ (កម្ពស់+បណ្តោយ+ទទឹង)
ទម្ងន់ដែលអនុញ្ញាតបាន៖ ៨ - ១០ គីឡូក្រាម អតិបរមា
សុវត្ថិភាព និងផាសុកភាពនៅលើយន្តហោះគឺជាអាទិភាពចម្បងពីរនៅក្នុងការធ្វើដំណើរតាមអាកាស។ អាស្រ័យហេតុនេះហើយទើបគេត្រូវចែងវិធានច្បាស់លាស់ពាក់ព័ន្ធនឹងកញ្ចប់អីវ៉ាន់យួរតាមខ្លួន គឺអ្នកធ្វើដំណើរគួរតែយកតាមខ្លួននូវរបស់ណាដែលចាំបាច់ ដូចជាវត្ថុផ្ទាល់ខ្លួន កាមេរ៉ា ឬវត្ថុអេឡិចត្រូនិច និងវត្ថុមានតម្លៃផ្សេងៗទៀត តែប៉ុណ្ណោះ។ វត្ថុក្រៅពីនេះត្រូវដាក់ក្នុងវ៉ាលីថ្លឹងផ្ញើតាមយន្តហោះ។
ជាបញ្ញត្តិទូទៅ លើកលែងតែក្មេងអាយុក្រោម២ឆ្នាំចេញ អ្នកដំណើរណាក៏អាចកាន់អីវ៉ាន់មួយកញ្ចប់ (ហៅថាអីវ៉ាន់យួរតាមខ្លួន) ឡើងទៅលើយន្តហោះបានដែរ។ ទំហំរបស់វាអាស្រ័យទៅតាមការកំណត់របស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ។ សម្រាប់ទារក(ក្រោម២ឆ្នាំ) ក្រុមហ៊ុនអាកាសចរណ៍អាចអនុញ្ញាតឱ្យអ្នកដំណើរយួរកញ្ចប់អីវ៉ាន់ថែមមួយទៀត ដែលក្នុងនោះអាចជាគ្រឿងបន្លាស់សម្រាប់ទារក កៅអីអង្គុយសម្រាប់ទារក ឬកូនរទេះរុញទារក ជាដើម។
សំគាល់៖ ក្រុមហ៊ុនអាកាសចរណ៍ខ្លះចាត់ទុកកញ្ចប់អីវ៉ាន់យួរតាមខ្លួនថាជាវ៉ាលីយួរតែមួយដែលអាចយកឡើងយន្តហោះបាន។ ក្រុមហ៊ុនខ្លះទៀតអនុញ្ញាតឱ្យយួររបស់ថែមមួយមុខទៀតពីលើកញ្ចប់អីវ៉ាន់យួរតាមខ្លួន មានដូចជាកាបូបតូចយួរដៃ កុំព្យូទ័រ ឬកាមេរ៉ា ជាដើម។ ក្រណាត់ស្រោមវ៉ាលី ពេលខ្លះក៏ត្រូវបានចាត់ទុកថាជាកញ្ចប់អីវ៉ាន់មួយមុខដែរ ហើយមានទំហំកំណត់ទៀត ដូច្នេះយកល្អគួរតែសួរក្រុមហ៊ុនអាកាសចរណ៍របស់លោកអ្នកឱ្យបញ្ជាក់ច្បាស់ជាមុនសិន។
អីវ៉ាន់ថ្លឹងផ្ញើតាមយន្តហោះ
ទំហំ៖ អតិបរមា ១៥៨សង់ទីម៉ែត្រ
ទម្ងន់កំណត់សម្រាប់កញ្ចប់/វ៉ាលីមួយដុំ៖ អតិបរមា ២៣ គីឡូក្រាម
អាស្រ័យទៅតាមក្រុមហ៊ុនអាកាសចរណ៍ (ជាពិសេសក្រុមហ៊ុនលក់សំបុត្រថោកៗ) ឬទៅតាមចំណាត់ថ្នាក់កៅអីដែលលោកអ្នកបានកក់ទុក មានពេលខ្លះ លោកអ្នកអាចត្រូវបង់ប្រាក់បន្ថែមសម្រាប់កញ្ចប់វ៉ាលីដែលលោកអ្នកថ្លឹងផ្ញើតាមយន្តហោះ។ ទន្ទឹមគ្នានេះដែរ ជួនកាលក្រុមហ៊ុនអាចផ្តល់លក្ខខណ្ឌពិសេសដល់គ្រឿងបរិក្ខារមួយចំនួន (ដូចជា សម្ភារវាយកូនគោល ស្គីមានកង់ ស្គីរំអិលលើរលកសមុទ្រ ជាដើម) ដូច្នេះសូមកុំភ្លេចសាកសួរព័ត៌មានពីក្រុមហ៊ុនអាកាសចរណ៍ជាមុនសិន។
(http://www.iata.org/whatwedo/ops-infra/baggage/Pages/check-bag.aspx)